អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង សាទរចំពោះការអនុម័តជំហានដំបូងនូវសេចក្ដីព្រាងច្បាប់ស្ដីពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ដែលអនុគណៈកម្មការទទួលបន្ទុកកិច្ចការបរទេសនៃសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក បានអនុម័តជាឯកច្ឆន្ទកាលពីថ្ងៃទី៦ ខែកក្កដា។ ទោះជាយ៉ាងណាក៏ដោយ សមាជិកសភាពីខាងគណបក្សកាន់អំណាចនៅកម្ពុជា ចាត់ទុកសេចក្ដីព្រាងច្បាប់នេះថា មិនប៉ះពាល់អ្វីដល់ដំណើរការរបស់រដ្ឋាភិបាលបច្ចុប្បន្ននេះឡើយ។ អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង ចាត់ទុកថា ការអនុម័តសេចក្ដីព្រាងច្បាប់លេខ H.RES 728 ស្ដីពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា គឺជាការបញ្ជាក់ជំហរមួយថា សហរដ្ឋអាមេរិក មានការចាប់អារម្មណ៍ខ្លាំង និងយកចិត្តទុកដាក់អំពីការរំលោភសិទ្ធិមនុស្ស និងរំលោភគោលការណ៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលកំពុងមានស្ថានភាពធ្ងន់ធ្ងរ។ ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង លោក ទូច វិបុល បានប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា ក្រុមរបស់លោកបានជំរុញផ្ដល់យោបល់ និងតាក់តែងឡើងសេចក្ដីព្រាងច្បាប់នេះឡើង។ លោកបន្តថា សេចក្ដីព្រាងច្បាប់មានសារសំខាន់ណាស់ដែលសភាអាមេរិកាំង ត្រូវប្រើប្រាស់យន្តការជាច្រើន ដូចការបង្កើតក្រុមទំនាក់ទំនងដើម្បីកម្ពុជា ក្នុងការជំរុញឲ្យមានការគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស សម្រាប់ធានាឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ឡើងវិញ ហើយជំរុញឲ្យមានការផ្ទេរអំណាចដោយសន្តិវិធី។